សុវត្ថិ​ឌី ធា​រិ​កា រំពឹង​ហង្ស​មាស​ផ្តល់​ការងារ​ជូន ដូច្នេះ​មិន​ប្រាថ្នា​ ចំពោះ​ផលិតកម្ម​ផ្សេង​ទេ

រាជធានី​ភ្នំពេញ ៖ បើ​ទោះបី​យុវតី​សុវត្ថិ​ឌី ធា​រិ​កា មិន​ជាប់​ជ័យ​លា​ភី​ក្នុង​រដូវ​កាល​ទី​១​ប្រចាំ​កម្មវិធី​ប្រឡង​ចម្រៀង «​ខេ​ម​បូ​ឌា​ន អាយ​ដល​» ក៏​ដោយ នាង​រំពឹង​ថា នឹង​បាន​ចូល​ជា​សមាជិក​ម្នាក់​ក្នុង​ផលិតកម្ម​ហង្ស​មាស ។

ក្នុង​ជំនួប​ជាមួយ​អ្នក​យក​ព័ត៌មាន​កោះសន្តិភាព​កាលពី​ពេល ថ្មី​ៗ កន្លង​មក កញ្ញា​សុវត្ថិ​ឌី ធា​រិ​កា និយាយ​ទាំង​ទឹកមុខ​ស្រស់ស្រាយ​ថា ចាប់តាំងពី​នាង​ចូលរួម​ប្រឡង​ចម្រៀង​ក្នុង​កម្មវិធី​ខេ​ម​បូ​ឌា​ន អាយ​ដល មក មហាជន​ស្គាល់​នាង និង​កត់សម្គាល់​ដឹង​ថា ទឹកដម​សំឡេង​នាង​កម្រិត​ណា ។ ធា​រិ​កា​ព្យាយាម​ស្តាប់​រៀមច្បង និង​ហាត់​ទន្ទេញ​ចម្រៀង ទោះជា​នាង​ហត់នឿយ​បែប​ណា​ក្តី​ក៏​តស៊ូ សម្រាប់​កម្មវិធី​ដែល​ពោរពេញ​ដោយ​វិញ្ញាសា លំបាក​ៗ​នោះ​ដែរ ។
កញ្ញា​សុវត្ថិ​ឌី ធា​រិ​កា មិន​នឹក​ស្មានថា​នាង​អាច​ធ្វើ​បាន​ល្អ​ពី​មួយ​វគ្គ​ទៅ​មួយ​វគ្គ​ទេ ខណៈ​បេក្ខជន ផ្សេង​ៗ​សុទ្ធតែ​ខ្លាំង ។ ពេល​បានឃើញ​បេ​ក្ខ​នារី ផ្សេង​ៗ​ជ្រុះ​ចេញពី​កម្មវិធី​ជា​បន្តបន្ទាប់​នៅ​សល់​តែ​នាង​ម្នាក់ ជំរុញ​ឱ្យ​ធា​រិ​កា​សម្រិតសម្រាំង​ខ្លួនឯង​ទ្វេ​ដង​ទៀត ប្រាថ្នា​ចាប់​យក​ជោគជ័យ ។
នៅ​ពេល​សួរ​ថា បើ​មាន​ផលិតកម្ម​ទាក់ទង​យក​ទៅ​ច្រៀង​ជា​ប្រចាំ តើ​ព្រម​ទេ ? កញ្ញា​ធា​រិ​កា​ឆ្លើយ​យ៉ាង​លឿន​ថា «​អត់​ទេ អារម្មណ៍​របស់​នាង​ខ្ញុំ​ពិតជា​ដឹង​ថា ហង្ស​មាស​ផ្តល់​ការងារ​ជូន​ដូច​អ្នក​ប្រឡង​ដឹ​វ៉​យ រដូវ​កាល​ទី​១​អុ​ី​ចឹ​ង ។ មូលហេតុ​ដែល​នាង​ខ្ញុំ​គិត​ដូចនេះ ព្រោះ​តាំងពី​ដើម​មក​នាង​ខ្ញុំ​យល់​ថា​ការងារ​របស់​ក្រុមហ៊ុន​ហង្ស​មាស​ ម៉ត់ចត់ បុគ្គលិក​ធ្វើការ​គ្រប់​ផ្នែក​ទាំងអស់​សុទ្ធតែ​ជា​ធនធាន​ពិតប្រាកដ ពោល​គឺ​មានកា​រវិ​វ​ឌ្ឍ​រក​ចំណុច ថ្មី​ៗ​ទាក់ទាញ​មិន​ចេះ​រីងស្ងួត ។ បើ​និយាយ​ពី​តារាចម្រៀង​វិញ គឺ​ត្រូវ​បាន​ថ្នាក់ដឹកនាំ​ចាត់ចែង​ឱ្យ​មាន​បទ​ចម្រៀង​នៅ​លើ​ទីផ្សារ ដូច​ៗ​គ្នា ។ អ្វី​កាន់តែ​ពិសេស​ហង្ស​មាស​ពិតជា​មិន​ធ្វើ​ឱ្យ​មហាជន​ខកចិត្ត​ឡើយ អាច​រក្សា​កេរ្តិ៍ឈ្មោះ​បាន​យ៉ាង​យូរ​ឆ្នាំ​តាំងពី​នាង​ខ្ញុំ​នៅ តូច​ៗ ។ នេះ​ជា​ការ​យល់​ឃើញ ហើយ​ក៏​មិនមែន​មាន​ន័យ​ថា​បង្អាប់​ផលិតកម្ម​ណាមួយ​ឡើយ ។ បន្ទាប់​ពី​នាង​ខ្ញុំ​ប្រឡង​រួចរាល់​មក មាន​ស្ថានីយទូរទស្សន៍ ផ្សេង​ៗ​ទាក់ទង​សម្តែង ច្រៀង​ជា​បន្តបន្ទាប់ ដូច​ជា​ទូរទស្សន៍​បាយ័ន​ជាដើម ដោយ​សង្ឃឹមថា​ការងារ​សិល្បៈ​របស់​នាង​ខ្ញុំ​មាន​សន្ទុះ​ហក់​ឡើង ដូច​អ្វី​ដែល​នាង​ខ្ញុំ​បាន​ប្រាថ្នា»៕

No comments